ភ្នំពេញ÷ ប្រធាគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការដាស់តឿន ស្មារតីយុវជនយុវតីមុនធ្វើអ្វីមួយត្រូវគិតដល់ ឪពុកម្តាយកុំឲ្យគាត់មានវិប្បដិសារី ដូចករណីដែលឪពុកម្ដាយមានកូនជា ឧក្រិដ្ឋជនចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ នៅខណ្ឌ សែនសុខកាលពីម្សិលមិញ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះថា ” កូនប្រុសមាសឳពុក បើមិននាំសុខជូនឳទេ សូមកុំនាំទុក្ខឲ្យឳអី😭😭សូមយុវជនទាំងឡាយអើយមុននឹងធ្វើអ្វីមួយ សូមគិតឲ្យច្បាស់លាស់សិនទៅព្រោះជីវិតពួកអ្នកមិនមែន កើតចេញពីរន្ធស្រឡៅនោះទេ ពួកអ្នកគួរស្រណោះឈាមម្តាយ ញើសឳដែលខំចិញ្ចឹមថ្នាក់ថ្នមតាំងពីពួកអ្នកនៅបាតជើងក្រហមរងាលមកម្លេស ពួកគាត់ចិញ្ចឹមអ្នករាល់គ្នាអស់លុយច្រើនណាស់ហេតុអ្វី ពួកអ្នកសងគុណពួកគាត់បែបនេះទៅវិញ? តើពួកគាត់ខូចចិត្តជាមួយពួកអ្នកយ៉ាងណាទៅណ៎ ? ខូចចិត្តផង ស្រណោះស្តាយផង អនុស្សាវរីយ៍ពួកគាត់ នឹងអ្នក គឺរាប់មិនអស់ទេទឹកភ្នែកពួកគាត់ហូរម្តេចទៅ? តើបេះដូងពួកគាត់គ្រាំគ្រាយ៉ាងដូចម្តេចទៅ ? ពួកគាត់ខ្មាស់គេផង ស្តាយពួកអ្នកផង ក្នុងពេលតែមួយ តើពួកគាត់ធ្វើចិត្តយ៉ាងណាទៅណ៎😭 ? ខ្ញុំយល់ច្បាស់ណាស់មហាជនថាកូនគាត់ជាជនល្មើសប៉ុន្តែពួកគាត់នៅតែទទួលស្គាល់ពួកអ្នកជាកូនគាត់ដដែល តើពួកគាត់អស់សង្ឃឹមយ៉ាងណាទៅណ៎😭? ពីព្រោះក្តីសង្ឃឹមពួកគាត់លើពួកអ្នក គឺសង្ឃឹមថាពួកអ្នកនឹងមានអនាគតល្អ មានការងារល្អ អាចពឹងពាក់ពួកអ្នកវិញនៅពេលពួកគាត់ចាស់ ជរាទៅ ប៉ុន្តែក្តីសង្ឃឹមពួកគាត់ គឺត្រូវពួកអ្នកបំផ្លាញខ្ទិចខ្ទីអស់រលីងហើយ ដោយបន្សល់កេរ្តិ៍ឈ្មោះអាសោចឲ្យពួកគាត់ទទួលរងទៀត ពួកគាត់ខ្មាស់អ្នកភូមិយ៉ាងណាទៅណ៎😭😭😭? ឱលោកិយ៍អើយ”។
ក្នុងន័យនេះ លោក ពេជ្រ ស្រស់ សូមដាស់ តឿនដល់ស្មារតីកូន ប្រុស ស្រី ទាំងឡាយ មេត្តាមុនធ្វើអ្វីមួយនៅក្នុងសង្គមជាតិ សូមគិតដល់អ្នកបង្កើតប្អូនៗផងណា ព្រោះពួកអ្នកជាដួងព្រលឹងរបស់ពួកគាត់ បើមិនបានសងគុណពួកគាត់ទេ គឺសូមកុំសងទោសដល់ពួកគាត់អី ពួកគាត់អត់បានដឹងអីទេ ដោយសារពួកគាត់រវល់រកស៊ីចិញ្ចឹមពួកអ្នកនិងចិញ្ចឹម បងៗ ប្អូនៗ របស់ពួកអ្នក៕