ស្ថានភាពនៅមីយ៉ាន់មា! លោក ពេជ្រ ស្រស់ ថា ត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក

0
41

ភ្នំពេញ÷ ក្រោយស្ថានភាពកាន់តែក្ដៅនៅប្រទេសមីយ៉ាន់មា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក ពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់មា ផ្ទុយពីស្មារតីនយោបាយពិភពលោក។

តាមរយ:ហ្វេសប៊ុកនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់បានលើកឡើងយ៉ាងដូច្នេះថា ដោយសារតែអំណាចបានធ្វើឲ្យមនុស្សស្លូតក្លាយទៅជាកាចរីឯមនុស្សឆ្លាតក្លាយ ទៅជាល្ងង់ ហើយហ៊ានធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីតែអំណាចខ្លួន។ ឈាមយុវជនហូរដើម្បីភាពត្រឹមត្រូវគឺជាការលះបង់ ដ៏មានតម្លៃបំផុត ហើយអ្នកដែលបានធ្វើឲ្យឈាមយុវជនហូរ ដោយបំពានភាពត្រឹមត្រូវគឺជាជនបិសាច។

មេបក្សយុវជនកម្ពុជារូបនេះបញ្ជាក់ថា ”
ស្ថានភាពនៅមីយ៉ាន់មា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក ពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់មា ផ្ទុយពីស្មារតីនយោបាយពិភពលោកដោយអ្នកចាញ់ប្លន់ អំណាចពីអ្នកឈ្នះ ពីព្រោះនៅក្នុងរបបប្រកាន់លទ្ធិប្រជាធិប តេយ្យ តម្រូវឲ្យគោរពតាមសម្លេងភាគច្រើនប៉ុន្តែនៅមីយ៉ាន់មា ដើរផ្ទុយស្រលះពីស្មារតីលទ្ធិប្រជាធិបតេយ្យ 390ដឺក្រេ ដូច្នេះដល់ពេលពិភពលោកចូលសង្រ្គោះមីយ៉ាន់មាចេញពីចង្កូមបិសាច ស្រេកឃ្លានអំណាចហើយ ម្យ៉ាងវិញទៀតសហគមន៍អាស៊ាន ក៏គួរវិសោធនកម្មធម្មនុញ្ញអាស៊ានផងដែរពាក់ព័ន្ធមាត្រាមិនលូក ដៃកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកគឺដើម្បីធានាបាន សេចក្តីសុខរួមនៅក្នុងតំបន់អាស៊ានទាំងមូល” ។

លោកបន្តថា យុវជនជាកម្លាំងស្នូលនៃប្រទេសជាតិ ប៉ុន្តែយុវជនក៏ត្រូវដឹងថាភាពត្រឹមត្រូវសម្រាប់ជាតិ និងភាពត្រឹមត្រូវរបស់ច្បាប់ឲ្យច្បាស់លាស់ដែរ មិនមែនធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះឡើយ។

លោកពេជ្រ ស្រស់ បន្ថែមថា ជាក់ស្តែងយុវជនមីយ៉ាន់មាក្រោកឡើងតវ៉ាគឺវាជារឿងត្រឹមត្រូវបំផុត ដោយហេតុថា អ្នកមានកាំភ្លើងប្លន់អំណាចពីអ្នកឈ្នះដូច្នេះក្នុងនាមសមាជិក អ្នកឈ្នះត្រូវតែក្រោកឡើងការពារភាពឈ្នះរបស់ខ្លួន គឺមិនមែនចាញ់គេហើយនាំគ្នាទៅដណ្តើមភាពឈ្នះពីអ្នកឈ្នះនោះឡើយ។ ពិភពលោកសុខសាន្ត គឺមនុស្សជាតិរុងរឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here