សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរូមអបអរសាទរ «ទិវាអន្ដរ ជាតិនារី ៨ មីនា» និងអំពាវនាវសូមប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ២០២១! ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់សម្រាក ៨ មីនា សូមបង ប្អូនជនរួមជាតិថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានលើកឡើងថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់ នានា។

សម្ដេចថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញ ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត ។

សម្ដេចតេជោ បន្ដថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

សម្ដេចថា ស្ត្រី និងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ-១៩ គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយដល់ការលើក កម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយអោយស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here