ភ្នំពេញ៖ ក្រោយរកឃើញបុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន ៣នាក់ វិជ្ជមានជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកធ្លាប់ទៅ រកសេវានៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លែងម៉ាស្សាទាំង៣ទីតាំង សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើតជំងឺកូវីដ១៩។ដូច្នេះអតិថិជនដែលបានប្រើប្រាស់ សេវានៅទីតាំងទាំង៣កន្លែងខាងលើ មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់ បាននូវការចម្លងវីរុសកូវីដ- ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់កន្លែងម៉ាស្សាទាំង៣ទីតាំងនេះ ដូចខាងក្រោម៖
១៖ ឡេស៍រីឡែកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២៖ ឡេស៍រីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៣៖ ឡេស៍រីឡែកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕