ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ៩ ខែមីនា បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជាបានឲ្យដឹងថា ក្នុងនោះ ថវិកា ៧៦០,៣៤១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២) ហើយថវិកា ៩១,៨៤៨ ដុល្លារអាមេរិក ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោង “ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី១)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ ជាមួយគ្នានោះជប៉ុន ជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ៕