ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរំលឹកថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានា ដែលមិនអនុវត្ដទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរ៉ឹងជាថ្មីទៀត ជុំវិញការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ថា កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់ នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ។
លោកអភិបាលបន្តថា ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ។តែការងារនេះយើងត្រូវតែបន្តការ សហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។
លោកបន្ថែមថា ការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំ បំផុតនោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានាបើមិនសហការនិងមិនអនុវត្តទៅតាម ការណែនាំរបស់ក្រសួងសុខាភិបាល ទេ អ្នកទាំងនោះប្រឈមនឹងការមានទោសទណ្ឌ នៅពេលដែលច្បាប់ថ្មី ត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។
ក្នុងឱកាសនេះផងដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានថ្លែងផងដែរថា ចំពោះម្ចាស់អាជីវកម្មនានា ដែលមិនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលត្រូវប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។
លោកអភិបាលរងបន្ថែមទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ ពាក់ព័ន្ធនឹងកូវីដ-១៩នេះឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តឲ្យមានប្រសិទ្ធភាពនិងមិនមានចន្លោះប្រហោង។ នៅពេលយើងមិនទាន់មានច្បាប់នេះ យើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភា ហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្ត ទៅតាមច្បាប់ដែលបានអនុម័តរួច៕