អាជ្ញាធរខេត្ដបាត់ដំបង គ្រោងពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ស្របពេលពលករមកពីថៃមានការកើនឡើង

0
9

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការកើនឡើងនៃចំនួនពលករដែលសម្រុកមកពីប្រទេសថៃតាមការដឹកជញ្ជូនពីបណ្ដាខេត្តផ្សេងៗជាប់នឹងព្រំដែន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្ខំឲ្យអាជ្ញាធរខេត្តត្រូវពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត ព្រោះមណ្ឌលខ្លះមានភាពតូចចង្អៀត និងចាប់ផ្ដើមពេញបណ្ដើរ អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងបិទសាលារៀនមួយចំនួន ដើម្បីយកធ្វើជាមណ្ឌលចត្តាឡីស័ក។

លោក ងួន រតនៈ បានថ្លែងក្នុងពេលចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងទទួលពលករត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ ថាការកើនឡើងនៃចំនួនពលករនេះ បានបង្ខំឲ្យអាជ្ញាធរខេត្តត្រូវពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត ព្រោះមណ្ឌលខ្លះមានភាពតូចចង្អៀត និងចាប់ផ្ដើមពេញបណ្ដើរ ។

លោកបន្តថា ដើម្បីចៀសវាងការបិទសាលារៀនទាំងអស់នៅទូទាំងខេត្តជាចាំបាច់ អាជ្ញាធរអាចនឹងបិទសាលារៀនមួយចំនួន ប្រសិនបើកំណើនរបស់ពលករកាន់តែច្រើន និងខ្វះកន្លែងធ្វើចត្តាឡីស័កនោះ។

លោកអភិបាលខេត្តបន្ថែមថា តែយ៉ាងណា មុននឹងឈានដល់ការបិទសាលារៀនមួយចំនួន ធ្វើជាមណ្ឌលចត្តាឡីស័កនេះ រដ្ឋបាលខេត្តបានជំរុញដល់អាជ្ញាធរតាមបណ្ដាលស្រុក ត្រូវពិនិត្យរកអគារទីតាំងរបស់រដ្ឋណា ដែលទំនេរទុកចោល និងអាចប្រើប្រាស់បាន ត្រូវរៀបចំកន្លែងទាំងអស់នោះ ធ្វើជាមណ្ឌលចត្តាឡីស័ក រួមទាំងមានបង្គន់អនាម័យ និងភ្លើងអគ្គិសនី ។

តាមរបាយការណ៍រដ្ឋបាលខេត្ដបាត់ដំបង បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពលករមានទីលំនៅក្នុងខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃហើយត្រូវដឹកជញ្ជូនពី បណ្ដាខេត្តមួយចំនួនសរុបជាង ១០០០នាក់ និងបញ្ជូនពលករកំពុងធ្វើចត្តាឡីស័ក និងទើបឆ្លងដែនមកពីថៃ ទៅរាជធានីខេត្តផ្សេងៗមានជាង ៧០០នាក់ និងបច្ចុប្បន្នមានពលករ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា នៅខេត្តបាត់ដំបងមានចំនួនសរុប ២ ៥២១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here