អភិបាលរាជធានីភ្នំពេញ ចុះបិទខារ៉ាអូខេនិងបាបារាំង៣កន្លែងដែលល្មើសបំរាម

0
8

ភ្នំពេញ៖ ទីតាំងអាជីវកម្មចំនួន ៣កន្លែងស្ថិតនៅក្នុងខណ្ឌ៣ គីខណ្ឌដូនពេញ, ខណ្ឌ៧មករា និងខណ្ឌមានជ័យ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចុះបិទ បន្ទាប់ពីលួចលាក់បើកអាជីវកម្ម ល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល។

ជាក់ស្ដែង គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នា ដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអនាធិបតេយ្យ និងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំងនិងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាល ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនារាត្រីថ្ងៃ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងជិត២២យប់ នៅចំណុចភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងស្រីបម្រើការរ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើ ដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

បន្ទាប់ពីធ្វើការបិទទីតាំងខាងលើ និងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី លោក ឃួង ស្រេង បានបន្តចុះបិទបាបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។

នៅយប់ថ្ងៃដដែល អាជ្ញាធររាជធានីភ្នំពេញក៏បានបន្តចុះបិទភោជនីយដ្ឋានឈ្មោះ អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីអនុសាស ន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here