ភ្នំពេញ៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថាន បានរកឃើញផូស៊ូលឆ្អឹងសត្វ លើកដំបូងនៅកម្ពុជា ស្ថិតក្នុង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអាយុកាល ៦៥លាន ទៅ១៩០លានឆ្នាំ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា « ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង»។
ដោយឡែក លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូល ដ្ឋាន បានបញ្ជាក់ថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ។
លោកបន្ដថា «នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាង ក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្នុងពេលដែលដាយណូស័រ នៅមានជីវិត»។
ជាងនេះទៅទៀត ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញ ផ្នែកសត្វបុរាណជួយ ក្នុងការកំណត់ប្រភេទសត្វ៕