ប្រទេសអាល្លឺម៉ង់ ប្រកាសផ្តល់ថវិកាចំនួន ៤,៨ លានអឺរ៉ូបន្ថែមទៀតដល់កម្ពុជា សម្រាប់ការឆ្លើយតបទៅនឹងកូវីដ-១៩

0
10

ភ្នំពេញ៖ នៅថ្ងៃទី១១មីនានេះប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ថវិកាចំនួន៤,៨លានអឺរ៉ូបន្ថែមទៀតដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងកូវីដ-១៩របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានបញ្ជាក់ថាថវិកាបន្ថែមនេះនឹងត្រូវអនុវត្តដោយកម្មវិធីចំនួនបីផ្សេងគ្នានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់រហូតដល់ដំណាច់ឆ្នាំ ២០២១៖
– ១,៨ លានអឺរ៉ូដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការឃ្លាំមើលការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាឲកាន់តែប្រសើរឡើង៖ ដើម្បីពង្រឹងបណ្តាញមន្ទីរពិសោធន៍ជាតិ គាំទ្រដល់សមត្ថភាពតាមដាន និងលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ-១៩ជាមួយយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន។

– មួយលានអឺរ៉ូដើម្បីធ្វើអោយមានភាពប្រសើរឡើងសម្រាប់ស្ថានភាពចំណូលនៃពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញនិងកំពុងគ្មានការងារធ្វើ៖ អនុវត្តផែនការណ៍ cash-for-work និងការបណ្តុះបណ្តាលក៏ដូចជាការផ្គត់ផ្គង់សម្រាប់កសិកម្មខ្នាតតូចនិងការចិញ្ចឹមសត្វនៅខេត្តភាគពាយព្យឆ្ពោះទៅព្រំដែនថៃ។

– ពីរលានអឺរ៉ូដើម្បីពង្រឹងការកំណត់អត្តសញ្ញាណតាមការស្នើសុំថ្មី ដែលចាំបាច់ក្នុងការកំណត់អត្តសញ្ញាណប្រជាជនដែលធ្លាក់ចូលក្នុងភាពក្រីក្រដោយសារជំងឺរាតត្បាត៖ ផ្តល់យោបល់ដល់ក្រសួងផែនការក្នុងការកែទម្រង់និងសម្របយន្ដការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បង្កើតប្រព័ន្ធគ្រប់គ្រងនៃការទទួលយោបល់និងមតិលើការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) អនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់គ្រួសារក្រីក្រដែលជាគោលដៅអោយកាន់តែច្រើន ពង្រីកប្រព័ន្ធព័ត៌មានវិទ្យាដើម្បីធានាបាននូវការផ្លាស់ប្តូរព័ត៌មាន និងការគ្រប់គ្រងទិន្នន័យរួម និងផ្តល់យោបល់ដល់រដ្ឋាភិបាលស្តីពីការដាក់បញ្ចូលប្រជាជនដែលអាចធ្លាក់ចូលក្នុងភាពក្រីក្រ និងងាយរងគ្រោះទៅក្នុងការកំណត់អត្តសញ្ញាណ
គ្រួសារក្រីក្រ (IDPoor) ។

សូមរំលឹកថាគិតមកដល់ថ្ងៃនេះប្រទេសអាល្លឺម៉ង់បានគាំទ្រការឆ្លើយតបទៅនឹងកូវីដ-១៩របស់ប្រទេសកម្ពុជាជាមួយទឹកប្រាក់ជាង១៧លានដុល្លារជាចំនួនបន្ថែមពីលើការងារសហប្រតិបត្តិការអភិវឌ្ឍន៍ដែលកំពុងដំណើរការកន្លងមក។

អាល្លឺម៉ង់ក៏មានការប្តេជ្ញាគាំទ្រការឆ្លើយតបជាពហុភាគីចំពោះកូវីដ-១៩ ហើយបានបំពេញការសន្យារបស់ខ្លួនចំពោះ COVAXដែលជាគំនិតផ្តួចផ្តើមអោយមានការចាក់វ៉ាក់សាំងជាសកល។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយអស់ ៥ ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីអាល្លឺម៉ង់។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយអស់ ៣ ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសជាសមាជិករបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here