លោក ពេជ្រ ស្រស់ ផ្ដល់ជូនជាយោបល់៣ ចំណុចសំខាន់ៗ ដល់រាជរដ្ឋាភិបាលនូវវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩

0
20

ភ្នំពេញ÷ ខណ:កម្ពុជាកំពុងរីករាលដាលកូវីដ១៩ និងមានអ្នកឆ្លងជារៀងរាល់ថ្ងៃ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានជូន ជាយោបល់ដល់រដ្ឋាភិបាលនូវវិធានការទប់ស្កាត់ការរីករាលដាល COVID-19 ចំនួន៣ចំណុចសំខាន់ៗ។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:ហ្វេសប៊ុកបានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីស្រលាញ់ ខណៈនេះមេរោគCOVID-19បានឆក់យកជីវិតបងប្អូនខ្មែរយើងម្នាក់ ទៅបាត់ហើយ ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ ជាពិសេសត្រូវតែអនាម័យជា ប្រចាំដើម្បីកម្ចាត់មេរោគCOVID-19។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះបានបញ្ជាក់ថា ” ទទឹមនឹងនេះគឺខ្ញុំសូមជូនយោបល់ដល់រដ្ឋាភិបាលនូវវិធានការទប់ស្កាត់ការរីករាលដាល COVID-19 3 ចំណុចដូចខាងក្រោមនេះ៖

១. បិទរាជធានីភ្នំពេញ3ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្សច្រើនធ្វើការ។

២. ចេញបំរាមហាមជួបជុំគ្នាលើសពីមនុស្ស 5នាក់នៅគ្រប់ទីកន្លែងក្នុងរយៈពេល14ថ្ងៃ ដើម្បីតាមដានការរីករាលដាលនូវមេរោគ COVID-19 នៅភ្នំពេញ។

៣. ហាមមនុស្សចេញចូលពីរាជធានីភ្នំពេញទៅខេត្តនានាក្នុងរយៈពេល14 ថ្ងៃសិន ដើម្បីកាត់ផ្តាច់មេរោគCOVID-19 ឆ្លងទៅខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែចំពោះអ្នកដឹកទំនិញ គ្រូពេទ្យ និង កងកម្លាំងគ្រប់ប្រភេទគឺអនុញ្ញាតឲ្យមានការចេញចូលធម្មតា។
ក្នុងកាលៈទេសៈនេះរដ្ឋាភិបាលគួរធ្វើការសម្រេចចិត្តឲ្យទាន់សភាពការណ៍COVID-19 គឺដើម្បីបញ្ចប់ការរីករាលដាលនូវមេរោគ COVID-19នៅទូទាំងកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here