«ខ្លារខិន» ជាប្រភេទសត្វកម្រ ហើយកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់

0
5

ភ្នំពេញ÷ នៅកម្ពុជាសត្វ «ខ្លារខិន» មានតិចតួចតាមតំបន់នានា ក្នុងនោះមានភូមិភាគឦសាន, និរតី និង ភាគខាងជើងនៃប្រទេស ប៉ុន្តែនៅអាហ្រ្វិក, អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវានៅមានច្រើន។

យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានបានបញ្ជាក់ថា «ខ្លារខិន» ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ហើយកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ដើម្បីយកស្បែក, ឆ្អឹង សំណាករបស់វាធ្វើអាជីវកម្ម ម្យ៉ាងទៀតការបាត់បង់ទីជម្រកដែលធ្លាប់រកចំណីនិងរស់នៅ។ «ខ្លារខិន» ត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហម ថាជាប្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅកម្ពុជាគេកម្រជួបប្រទះវាណាស់។

«ខ្លារខិន» មានភិនភាគងាយចំណាំណាស់ វាមានពណ៌លឿងក្រហម ត្នោត និងអុចៗ ហើយខ្មៅ ជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះគេហៅថា «Black Panther» ដែលមានរូបរាងខ្មៅ។ «ខ្លារខិន» ឈ្មោល អាចមានទម្ងន់ ៥៥ គីឡូក្រាម ចំណែកឯញីវិញ មានទម្ងន់ ៣០គីឡូក្រាម។ «ខ្លារខិន» វាដើរជាគូតែក្នុងរដូវបន្តពូជ ចំពោះ«ខ្លារខិន» ញីអាច បង្កើតកូនបានពី១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ ហើយកូនរបស់វារស់នៅជាមួយមេដល់អាយុពី ១-២ឆ្នាំ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។

សៀវភៅថនិកសត្វខាងលើ បញ្ជាក់ថា ការរស់នៅរបស់សត្វ «ខ្លារខិន» គឺវារស់នៅក្នុងព្រៃគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ «ខ្លារខិន» ជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើ ហើយវាពុំសូវចាញ់កម្ដៅថ្ងៃដូចខ្លាធំទេ និងអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ «ខ្លារខិន» ជាអម្បូរឆ្មាដែល មានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។

ចំណីអាហាររបស់«ខ្លារខិន»មានដូចជា ប្រើស,ឈ្លូស,ជ្រូកព្រៃ,ស្វា,សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណី ដោយលោតកន្រ្តប់ពីលើដើមឈើ រួចទាញសត្វនោះឡើងលើដើមឈើដើម្បីស៊ី។ «ខ្លារខិន» វាចូលចិត្តរកចំណីតែឯង និងជាត្វរាត្រីចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here