អភិបាលខេត្ដប៉ៃលិន ជួយទិញបន្លែកសិករដែលកំពុងជួបបញ្ហាទីផ្សារ មកធ្វើម្ហូបឱ្យពលករក្នុងមណ្ឌលចត្តាឡីស័ក

0
11

ភ្នំពេញ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ដប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញចុះសួសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការ របស់ កសិក រលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ដើម្បីជួយរកដំណោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា ហើយបានជួយទិញបន្លែកសិករ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងឧបត្ថមថវិកាដល់កសិករមួយចំនួនផងដែរ ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងនាឱកាសអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការ របស់កសិករលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ថា ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញ ឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរឡើង។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំឲ្យមានផ្សារចុង សប្តាហ៍ ដែលមានទីតាំងស្ថិតនៅខាងមុខមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសម្រាប់ប្រជាកសិករលក់កសិផល មានដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលរបស់បណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ក្រោមកិច្ច សហការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ដូច្នេះតម្រូវ ឲ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យ បានទាន់ពេល វេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ហើយចៀសវាងការចិញ្ចឹម និងការដាំដុះដំណាំ ដែលគ្មានគុណភាព និងមិនមានទីផ្សារ។

លោកស្រីអភិបាលខេត្ដបានជំរុញដល់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែបង្ការ ដើម្បីលើកកម្ពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ក៍បានជួយទិញបន្លែបង្ការ របស់ ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងឧបត្ថមថវិកាដល់កសិករមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here