ភ្នំពេញ៖ បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជា្រវ ក្រុងសៀមរាប ជាបឹងរណបមួយជាប់នឹងបឹងទន្លេសាប នៅពេលរដូវទឹកស្រកផិត ត្រូវបានខ័ណ្ឌដាច់ពីបឹងទន្លេសាប។ ខណះពេលនេះក្រុមអ្នកអភិរក្ស នៃសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង មានការព្រួយបារម្ភ អំពីទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំនៅក្នុងក្រុងសៀមរាប ចាប់ផ្តើមស្រកយ៉ាងគំហុក ដោយសារកត្តាអាកាសធាតុ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំងបានថ្លែងថា ដោយសារតំបន់នេះទទួលរបបទឹកភ្លៀងមិនទៀងទាត់កាលពីរដូវវស្សានោះ មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹម០.៤ម៉ែត្រប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើមិនមានវិធានការទាន់ទេ តំបន់អភិរក្សត្រីមេពូជបឹងពារាំងនេះ អាចនឹងត្រូវបាត់បង់ពូជត្រីជាមិនខាន។
លោក គង់ មង្គល បានបន្ថែមថា ជាមួយនឹងការព្រួយបារម្ភនេះ ក្នុងនាមលោកជាអ្នកអភិរក្សនៅតំបន់នេះ លោកបានលើកជាផែនការសង្គ្រោះបន្ទាន់ ដាក់ជូនសមត្ថកិច្ចពាក់ព័ន្ធរួចហើយ ដោយវិធានការទី១ គឺបូមទឹកពីបឹងទន្លេសាប ដែលមានចម្ងាយប្រមាណជា២គីឡូម៉ែត្រ បញ្ជូលមកក្នុងបឹងពារាំង ដើម្បីសង្គ្រោះបន្ទាន់ដល់ត្រីមេពូជ។ វិធានការបន្ទាប់ គឺការស្តារផ្ទៃបឹងឲ្យបានជ្រៅ ដើម្បីធានានិរន្តរភាពតទៅមុខទៀត។
លោក គង់ មង្គល បញ្ជាក់ទៀតថា វិធានការទាំងនោះ ត្រូវបានស្ថាប័នជំនាញគាំទ្រ និងទទួលយករួចហើយដែរ ។ ប៉ុន្តែអ្វីដែលមិនទាន់អាចអនុវត្តបាន គឺដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ បានរាំងស្ទះក្រុមការងារមិនទាន់អាចជួបប្រជុំគ្នាបាន។
លោកគង់ មង្គល បន្តថា បឹងនេះមានផ្ទៃទឹកមានទំហំ ២៧០ហិកតា និងជាង ៣,០០០ហិកតា សរុបទាំងផ្ទៃព្រៃលិចទឹក ហើយក្នុងនោះក៏មានកោះតូចៗចំនួន ១០កោះផងដែរ ដែលអាចឲ្យភ្ញៀវទេសចរណ៍ជិះទូកទៅសម្រាកកំសាន្ដយ៉ាងត្រជាក់ចិត្ដ។
គួឱ្យដឹងផងដែរថាកាលពីពេលថ្មីៗកន្លងទៅលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យទីតាំងស្នើសុំជីកស្តាររបស់សមាគមន៍នេះរួចមកហើយ ប៉ុន្តែគេមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ។ បឹងពារាំងនេះជាជំរកត្រីមេពូជដ៏ធំក្នុងក្រុងសៀមរាប ដូចនេះបើសិនជាពុំមិនទឹកគ្រប់គ្រាន់ទេវានឹងប្រឈមនឹងការគោករាក់។ ជាមួយគ្នានោះក្រុមការងារ ក៏បាននឹងកំពុងពិភាក្សាទៅលើបញ្ហានេះផងដែរ ប៉ុន្តែអ្វីដែលមិនទាន់អាចអនុវត្តបាន គឺដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ ធ្វើឱ្យរាំងស្ទះក្រុមការងារមិនទាន់អាចជួបប្រជុំគ្នាបាន ។
គូសបញ្ជាក់ថា បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជា្រវ ក្រុងសៀមរាប ជាបឹងរណបមួយជាប់នឹងបឹងទន្លេសាប នៅពេលរដូវទឹកស្រកផិត ត្រូវបានខ័ណ្ឌដាច់ពីបឹងទន្លេសាប។ ក្រៅពីមានជីវ:ចម្រុះដ៏សម្បូរបែប សត្វត្រីយ៉ាងច្រើន នៅក្នុងបឹងដែលហ៊ំព័ទ្ធដោយព្រៃលិចទឹកមួយនេះ បានទាក់ទាញសត្វស្លាបប្រមាណជាង ១៧០ប្រភេទ ឲ្យមកជ្រកកោននៅលើព្រៃឈើ និងរកស៊ីចំណីនៅលើផ្ទៃទឹក ផងដែរ ៕