ដើមឆ្នាំ២០២១ មន្រ្តីឆ្មាំ​និងសហគមន៍នេសាទភូមិត្បូងខ្លា ខេត្ដស្ទឹងត្រែងបង្ក្រាបបទលើសនេសាទជាង២០ករណី

0
7

ភ្នំពេញ៖ មន្ត្រីឆ្មាំចុះល្បាត​ សហការជាមួយសហគមន៍នេសាទភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀម ខេត្ដស្តឹងត្រែង គិតត្រឹមដើមខែមករា ដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២១ នេះបានបង្រ្កាបបទល្មើសនេសាទ បានចំនួន២៣ករណី និងមានការប្រដេញទូកជនសង្ស័យទៅដល់ទឹកដីស្រុកសំបូរ ខេត្ដក្រចេះផងដែរ ។

លោក វង់ សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបានថ្លែង ក្នុងកិច្ចប្រជុំពង្រឹងការងារអភិរក្សសត្វផ្សោតមេគង្គ នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះថា សមាជិកសហគមន៍នេសាទត្រូវធ្វើប្រតិបត្តិការរួមគ្នាអភិរក្សសត្វផ្សោតមេគង្គនិងត្រីមេពូជដែលកំពុងប្រឈមទៅនឹងការផុតពូជ។

លោកបន្តថា យន្តការអភិរក្សនេះប្រជាសហគមន៍ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ ប្រសិនបើមានបទល្មើស​នេសាទខុសច្បាប់កើតឡើង ត្រូវពន្លឿនការផ្តល់ព័ត៌មាន បង្ហាញភូមិសាស្ត្រ ប្រាប់ពីមុខសញ្ញាឲ្យបានរហ័ស និងរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា ។

លោក ម៉ម សោភណ្ឌ នាយប៉ុស្តិនគរបាលឃុំសៀមបូក បានបញ្ជាក់ថា នៅអន្លង់អភិរក្សផ្សោតត្បូងខ្លានេះពិតជាមាន កូនសត្វផ្សោតកើតថ្មីមែន ព្រោះនៅពេលចុះល្បាតម្តងៗតែងជួបប្រទះវាហែលបង្ហាញខ្លួនតាមមេរបស់វា។

លោកបន្តថា​ នៅតំបន់ស្នូលនេះមានប្រជាអ្នកនេសាទមួយចំនួន ចេះតែលួចលាក់ធ្វើនេសាទខុសច្បាប់ ដូចជាដាក់មងក្រឡាធំ ខ្លះលួចប្រើឧបករណ៍ឆក់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។

លោក សនស៊ី សារាំង ប្រជាសហគមន៍នេសាទនៅភូមិត្បូងខ្លា ឃុំអូរម្រះ បានលើកឡើងថា បទល្មើសនេសាទប្រភេទនេះ ពិតជានៅកើតមាន តែបទល្មើសនេះជនសង្ស័យ ច្រើនលួចលាក់ធ្វើនេសាទនៅពេលយប់ ដែលបង្កបញ្ហាប្រឈមក្នុងការចុះបង្ក្រាប ព្រោះ នៅខែប្រាំងក្បាលថ្មផុសចេញពីទឹកច្រើន អាចបង្កគ្រោះថ្នាក់នៅពេលបើកទូកប្រដេញជនសង្ស័យ។

លោកបន្ថែមថា ទោះជាយ៉ាងណាប្រជាសហគមន៍នៅតែព្យាយាមមិនចោលកិច្ចការងារបង្ក្រាបនេះទេ ហើយបើគិតចាប់ពីដើមខែ​មករា មកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២១នេះ សហគមន៏និងមន្ត្រីឆ្មាំចុះល្បាតបានចំនួន ២៣ករណី និងបានប្រដេញទូកជន​សង្ស័យទៅដល់ទឹកដីស្រុកសំបូរខេត្តក្រចេះផងដែរ។

គួឱ្យដឹងថា សត្វផ្សោតមេគង្គនៅអន្លង់ត្បូងខ្លាក្នុងខែមីនានេះ កើតកូនបានមួយទៀត ដូចនេះប្រជាសហគមន៍​នេសាទនៅតាមបណ្តាមូលដ្ឋាន ត្រូវបង្កើនការចុះល្បាតឱ្យ​បានញឹកញាប់ដើម្បីថែរក្សាវាឱ្យរស់នៅបានគង់វង្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here