ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា
លោកពេជ្រ ស្រស់ បានលើកឡើងថា អ្វីដែលលោកព្រួយបារម្ភនៅពេលប្រទេសកំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោងដើរលេបទ្រព្យសម្បត្តិជាតិនិងពលរដ្ឋស្លូតត្រង់។
លោក ពេជ្រ ស្រស់បានលើកឡើងបែបនេះបន្ទាប់ពីមាន ករណីជនឆ្លៀតឱកាស លួចចាក់ដីចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក ពេជ្រ ស្រស់ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកនា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា “អ្វីដែលខ្ញុំព្រួយបារម្ភនោះនៅពេលប្រទេសកំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោងដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ ដូចក្នុងករណីនេះអញ្ចឹងដែរ ដោយមានកញ្ជ្រោងកំពុងលេបចំណីឆ្នេរសមុទ្រនៅឯទឹកដីខេត្តព្រះសីហនុ ក្នុងន័យនេះដែរគឺខ្ញុំសូមស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រសុំអនុវត្តច្បាប់ឲ្យបានតឹងរឹងលើពពួកកញ្ជ្រោង ( ជនទុច្ចរិត) ដោយកុំសម្របសម្រួលណាមួយឲ្យសោះជៀសវាងអំពើដដែលកើតឡើងទៀត “។
លោក ពេជ្រ ស្រស់ បន្ថែមថា ច្បាប់ចាប់ពួកខូច ហើយច្បាប់ក៏គ្មានការសម្របសម្រួលដែរ បើសិនជាមានការសម្របសម្រួលណាមួយ គឺថាអ្នកកាន់ច្បាប់នោះបាននឹងកំពុងតែចូលដៃគ្នាជាមួយពពួកកញ្ជ្រោង(ជនទុច្ចរិត) ដោយមិនអាចប្រកែកបានឡើយ៕