មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បង្ក្រាបឧបករណ៍បំផ្លាញព្រៃឈើ និងឧបករណ៍ប្រមាញ់សត្វបានមួយចំនួន

0
7

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្ដមណ្ឌលគីរី ដែលបានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ បានជួបនិងប្រមូល បានឧបករណ៍កាប់បំផ្លាញព្រៃឈើ និងឧបករណ៍ប្រមាញ់សត្វព្រៃ យកទៅកម្ទេចចោលមួយចំនួន ។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ដមណ្ឌគីរីបានឱ្យដឹងថា សប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ហើយបានទប់ស្កាត់ និងបង្រ្កាបសកម្មភាពលួចដាក់អន្ទាក់ និងការកាប់រំលំដើមឈើខុសច្បាប់ ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងការចុះល្បាតមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចបានដកហូតវត្ថុតាងរួមមាន រណារយន្តសរុប៩គ្រឿង កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វចំនួន១ដើម មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសរុបចំនួន២១ខ្សែ ត្រូវបានដោះប្រមូល និងសាយកមករក្សាទុកនៅស្នាក់ការអភិរក្សបរិស្ថាន។ សម្រាប់ជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនដោយបន្សល់ទុកនូវវត្ថុតាងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here