ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តំបន់មួយចំនួនរបស់កម្ពុជានឹងមានមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់ក្នុងអំឡុងថ្ងៃទី១៧ដល់២៣មីនាឆ្នាំ២០២១ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៦មីនាឆ្នាំ២០២១ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថាក្នុងអំឡុងមួយ សប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា ថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ ឥទ្ធិពល នៃខ្យល់ស្ងប់វិលវល់ ( DIVERGENCE WIND)
និងបណ្តូសម្ពាធទាបជាច្រើន (LOW PRESSURE CELL) ។ នៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។
ក្រសួងបានបន្តថាស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញមានសីតុណ្ហភាពអប្បរមាពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីផ្សែងក្រូចទៅច្រើន ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C និងសីតុណ្ហភាពអតិបរម្យ មានពី ៣២-៣៥ °cមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
ជាមួយគ្នានោះដែរក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២១-២៣ ខែមីនា ៕