ពលរដ្ឋជាង៥០០គ្រួសារ នៅខណ្ឌដង្កោរងប៉ះពាល់ ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត

0
22

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ទោះបីជាយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងមានអូប័រ ២០-៣០គ្រឿង ព្រមទាំងរថយន្តធុនធំ សម្រាប់ដឹកនាំជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ខណៈដែលអភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំបញ្ជាផ្ទាល់ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង ដោយសារទឹកជំនន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here