កូនទាំង៤នាក់ របស់បុរសដែលស្លាប់ដោយជំងឺកូវីដ១៩ ទទួលបានអាហារូបករណ៍ពិសេស សិក្សារយៈពេល១២ឆ្នាំ ពីសម្ដេចតេជោ

0
9

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ (មួយចប់កម្មវិធីខ្មែរ-អង់គ្លេស) នៅសាលា ប៊ែលធី អន្តរជាតិ ដល់កូនទាំង ៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ លើកដំបូងនៅកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានឲ្យដឹងនៅថ្ងៃទី១៥ មីនានេះថា ថ្ងៃនេះលោក និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានកិត្តិយសដ៏ឧត្តុង្គឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លា អាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ជាភរិយារបស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សម្រាប់ផ្តល់ជូនកូនៗក្នុងបន្ទុកទាំង ៤នាក់ ឲ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ។

ជាមួយគ្នានោះលោក លែ ឆេង ក៏បានលើកទឹកចិត្តឲ្យក្មួយៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយ ដែលកំពុងបីបាច់ថែរក្សាក្មួយៗសព្វថ្ងៃនេះ។ លោកបន្តថា ក្មួយៗ កុំបារម្ភ បើទោះបីក្មួយៗជាកូនកំព្រាឪពុកក៏ពិតមែន តែក្មួយៗនៅមានម្តាយ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងក្មួយៗ រហូតដល់រៀនចប់ចុងចប់ដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here