រឿងព្រះសង្ឃយកផ្ដៅវាយកូននេន! លោក ពេជ្រ ស្រស់ ថា «លោកឪ សែម គឺមិនខុសទេ ប៉ុន្តែរាងជ្រុលដៃបន្តិច»

0
51

ភ្នំពេញ៖ ក្រោយបែកធ្លាយវីដេអូ បង្ហាញពីសកម្មភាព្រះសង្ឃ យកផ្ដៅវាយព្រះសង្ឃដូចគ្នា និងទទួលរងការរិះគន់ ពីសំណាក់អ្នកលេង បណ្ដាញសង្គមជាច្រើនមកនោះ ពេលនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លោកឪ សែម គឺមិនខុសទេ ប៉ុន្តែរាងជ្រុលដៃបន្តិច ។

លោក ពេជ្រ ស្រស់ បានសរសេររៀបរាប់ លើហ្វេសបុក នៅថ្ងៃទី១៥ មីនានេះថា «ឪពុកខឹង ឪពុកកាច ព្រោះឪពុកខ្លាចកូនខ្លៅ បើកូនល្ងង់គេដៀលម៉ែឪ មិនចេះប្រដៅតម្រង់ទិស ពុកវ៉ៃលើសលួសព្រោះជ្រុលដៃ គ្មានចេតនាអ្វីឲ្យកូនឈឺ ស្នូររំពាត់លេចលាន់ឮ កូនស្រែកថា ឈឺផ្អើលអស់អ្នកជិតខាង អ្នកខ្លះគេសំអាងកាងយករឿងមកទុក បុកសម្រុក ថាឪពុកឃោឃៅគេស្រែកវ៉ៅៗ ស្វែងរកយុត្តិធម៌ គេខ្លះទៀតថា
ឪពុកខ្លៅប្រដៅកូនប្រើហិង្សា ប៉ុន្តែពួកគេភ្លេចថាពេលកូនភ្ញា ដើរខុសមាត្រាគេនឹងដៀលថា ពុកចោលម្សៀតគ្មាន មាយាទប្រដៅកូនឲ្យល្អ ។

មេបក្សយុវជនកម្ពុជា បញ្ជាក់ថា «ជាការយល់ឃើញរបស់ខ្ញុំលោកឪ សែម គឺមិនខុសទេ ប៉ុន្តែរាងជ្រុលដៃបន្តិច ខ្ញុំនៅចាំពាក្យអ្នកស្រុកជំនាន់ពីដើម ដែលចង់យកកូនទៅផ្ញើរ នឹងព្រះសង្ឃដើម្បីឲ្យរៀនសូត្រឬបួស ពួកគាត់តែងតែទូលព្រះសង្ឃថា សូមគុណម្ចាស់ទុកតែស្បែក ឆ្អឹង និងភ្នែកកូនខ្ញុំបានហើយ ក្រៅពីនោះសូមព្រះតេជគុណចាត់ការ តាមទោសកំហុសចុះ ពាក្យនេះចង់សំដៅថា បើកូនគាត់មិនស្តាប់បង្គាប់ ព្រះសង្ឃទេ ព្រះសង្ឃមានសិទ្ធិពេញលេញប្រើ វិន័យវត្តឬដាក់ពិន័យតាមការគួរ ក៏ប៉ុន្តែកុំឲ្យពិការ និងស្លាប់បានហើយ» ។

ជាមួយគ្នានោះដែរលោក ពេជ្រ ស្រស់ ក៏បានស្នើដល់ អ្នកលេងហ្វេសប៊ុកផងថា សូមកុំចង់ល្បីគ្រប់រឿងពេក សូម្បីតែរឿងព្រះសង្ឃ ក៏ចង់តោងឲ្យល្បីដែរនោះ សូមអ្នករាល់គ្នាត្រូវចាំថា គ្រួសារមានវិន័យ
ប្រទេសមានច្បាប់ ពេលខ្លះមេគ្រួសារដាក់ពិន័យ សមាជិកគ្រួសារណាខូចទេ ហើយក៏មិនមែនដាក់ ពិន័យអ្នកល្អជាឯណា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here