ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។
យោងតាមរយៈសំឡេងមួយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកស្រី ឱ វណ្ណឌីន ធ្វើជាប្រធាននេះ ដើម្បីដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដើម្បីឱ្យការងារនេះ (ការងារចាក់វ៉ាក់សាំងកូវីដ-១៩) ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយខ្ញុំសូមចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកស្រី ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោ បានណែនាំឱ្យលោកស្រី ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ៕