ក្រសួងកិច្ចការនារីចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអំពើហិង្សាប្រព្រឹត្តដោយ ឧកញ៉ា ដួង ឆាយ

0
15

ភ្នំពេញ៖ ក្រសួងកិច្ចការនារីសូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាព ណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសេវាសង្គមហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៧ មីនានេះបានឲ្យដឹងបន្ថែមថាទន្ទឹមនេះ អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង/ឬ ដោយ ប្រយោល ក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេស ការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើ ប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្ដី។ ផ្ទុយទៅវិញ ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូន ៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យ ក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួម លើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមអំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទគ្រប់ទម្រង់និងគ្រប់រូបភាពផ្សេងៗ និងអ្នកបានដឹងអំពីបទ ល្មើសអស់ទាំងនេះ ជាពិសេសស្រ្តីនិងកុមាររងគ្រោះ សូមកុំនៅស្ងៀមស្ងាត់និងលាក់ទុកបញ្ហាទាំងអស់នេះ។ ត្រូវបំបែកភាព ស្ងៀមស្ងាត់ ត្រូវស្វែងរកជំនួយ ការគាំទ្រនិងកិច្ចអន្តរាគមន៍ផ្សេងៗ តាមរយៈការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៅ មូលដ្ឋានដែលនៅជិតបំផុត ឬមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង២៥។ បន្ថែមពីនេះ ក្រសួងកិច្ចការនារី សូមជម្រាបថា ក្រសួងកិច្ចការនារី បាននិងកំពុងផ្តល់សេវាសាធារណៈតាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី (https://web.facebook.com/mowa.gov.kh) ផងដែរ ជាពិសេស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាអា ទី ការប្រឹក្សាយោបល់ផ្លូវច្បាប់ ការប្រឹក្សាយោបល់ផ្លូវចិត្ត ការសម្របសម្រួលនិងកិច្ចអន្តរាគមន៍ផ្សេងៗ ព្រមទាំងមាន ការផ្តល់ មេធាវីការពារសិទ្ធិរបស់ស្ត្រីក្រីក្រដែល ជាជនរងគ្រោះដោយអំពើហិង្សា ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច តេជោសែន និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ ក្រសួងកិច្ចការនារី សូមលើកទឹកចិត្ត និងអំពាវនាវឱ្យប្ដីប្រពន្ធ ដៃគូស្និទ្ធស្នាល និងសមាជិកគ្រួសារទាំង អស់ត្រូវដោះស្រាយបញ្ហាតាមបែបសន្ទនា និងសូមស្វែងរកវិធីដោះស្រាយបញ្ហាទាំងឡាយដោយប្រើប្រាស់ វប្បធម៌ អហិង្សា ដើម្បីធានា និងលើកកម្ពស់ភាពសុខដុមរមនាក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here