ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ចំណុចមួយក្នុងចំណុចទាំង៤នៃសេចក្ដីណែនាំនោះនាយឧត្តមសេនីយ៍ វង្ស ពិសេនណែនាំដល់កងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។
បើតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា «ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញនិងនៅខេត្តមួយចំនួនទៀតជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី»។
សេចក្តីណែនាំទាំង៤ចំណុច របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជូនដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំង ៤ចំណុចរួមមាន៖
ទី១៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាលជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទី២៖ ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ទី៣៖ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។
និងទី៤៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា៕