ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើដល់ស្ថាប័នច្បាប់ ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈដែលបានការប្រមាថ យ៉ាងធ្ងន់ធ្ងរ ចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែ ។
សំណើចាត់វិធានការផ្លូវច្បាប់ ចំពោះ បុគ្គល ផែង វណ្ណៈ នេះ ត្រូវបានលោក ពេជ្រ ស្រស់ អះអាងថា ធ្វើឡើងដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅ អធិការវត្តរាជបូណ៌ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះថា «ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហា ពិន សែម សូមសម្តេចសង្ឃ ព្រះមេត្តាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់ លើបុគ្គលនេះ ពីព្រោះច្បាប់មានចែងហើយ បើយោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថា នឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាពឬវត្ថុអ្វីមួយត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ ពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានទៅ៤លានរៀល ហើយដោយឡែក មាត្រា៥១៦ គឺចែងថា ការប្រមាថចំពោះ ព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោស ដាក់ពន្ធនាការពី១ថ្ងៃ ទៅ ៦ខែ និងពិន័យ ជាប្រាក់ពី ១០០០ រៀល ទៅ ១ សែនរៀល ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ៕