ភ្នំពេញ៖ ដើម្បីចូលរួមចំណែកដោះស្រាយ តម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដោយព្រំដែន រដ្ឋាភិបាលថៃ បានផ្ដល់ជំនួយ ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីខ្មែរ និងលោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជំនួយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែក ដោះស្រាយតម្រូវការចាំបាច់នានា ជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ពលករកម្ពុជាដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។
ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយ វិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់៕