ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ក្រោមការទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្ហូរ ខេត្តកណ្តាលបានទទួលឥទ្ធិពល ជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំនប់ ៧មករា(កំពង់ទួល)ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់ ៩.២០ម៉ែត្រលើសពីកម្រិតកម្ពស់ទឹក ប្រុងប្រយ័ត្ន(៧ម៉ែត្រ ) ដែលបណ្តាលឲ្យទំនប់សណ្តរស្ទឹងទាំងសងខាងក្នុងភូមិសាស្ត្រ រដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរពីលើខ្នងទំនប់សណ្ដរ។
យោងតាម សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបានបញ្ជាក់ថា «ស្ថានភាពនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់ ដល់ភូមិសាស្ត្រ ខេត្តកណ្តាល រួមមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។»
រដ្ឋបាលខេត្ត បានឱ្យបន្ថែមថា ផ្អែកតាមស្ថានភាព ដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋបាលក្រុង -ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការ អន្តរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ និងធ្វើការណែនាំអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងការបង្ការការពារឆ្លងជំងឺនានា ក៏ដូចជាជំងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើត ឡើងក្នុងមូលដ្ឋានរបស់ខ្លួន ៕





