ភ្នំពេញ៖ មុនបន្តិចរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ទៀត ជាអ្នកស្នាក់បន្ទប់ជួល ផ្លូវលេខ១០៣R ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី២២ មីនានេះថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១១ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ម្នាក់ ជាបុរស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ម្នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។
លោកអភិបាលខណ្ឌ បានឲ្យដឹងបន្តថា បច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៊ីនធើខនទីណង់តាល់ (The Great Duke) ។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរ ក៏បានសម្រេចបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្នផងដេរ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃ២២ មីនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៧៥៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៦៧នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨១នាក់ និងមានអ្នកស្លាប់ ៤នាក់៕