ក្រសួងការងារ អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស បែងចែកការឈប់សម្រាក ក្នុងឱកាសចូលឆ្នាំ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង

0
9

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវបែងចែកឲ្យកម្មករនិយោជិត បានឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង ។

យោងតាមសេចក្ដីណែនាំ ស្ដីពីការអនុវត្តការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២១ របស់ក្រសួងការងារ នៅថ្ងៃទី២៣ មីនានេះ បានឲ្យដឹងថា យោងសារាចរណែនាំលេខ០១ សរណន របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និង វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ -១៩ នៅក្នុងឱកាសឈប់សម្រាកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ ត្រូវ អនុវត្តតាមជម្រើសណាមួយដូចខាងក្រោម៖

១.អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយ មានប្រាក់ឈ្នួលក្នុងពិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវ ប្រព្រឹត្តជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិត ទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែក ឱ្យកម្មករនិយោជិតបានឈប់សម្រាកដោយ ផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការ ថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែល មានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះ កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ ។

២.លើកការឈប់សម្រាកនេះ ទៅអនុវត្តរួមគ្នាជាមួយការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬ ថ្ងៃឈប់សម្រាកណាមួយ សមស្របនាពេលខាងមុខ ដោយតម្រូវឱ្យមានការព្រមព្រៀង រវាងនិយោជកជាមួយ នឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត។ កិច្ចព្រមព្រៀងត្រូវធ្វើជា លាយលក្ខណ៍អក្សរនិងរក្សាទុក សម្រាប់ការត្រួតពិនិត្យ របស់អធិការការងារ។ ចំពោះការបំពេញការងារ នៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ ឈ្នួលត្រូវអនុវត្តតាមអត្រាប្រាក់ ឈ្នួលនៃថ្ងៃធ្វើការធម្មតា។

ក្រសួង ក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្ត ចូលរួមអនុវត្តវិធានការ “៣ ការពារ បំផុត។ ” និង “៣ កុំ” និងវិធានការសុខាភិបាលចាំបាច់ ផ្សេងទៀតឱ្យបានខ្ជាប់ខ្លួនបំផុត ។ ក្រសួងការងារ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ចូលរួម អនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព ។

សូមរំលឹកថា កាលពីនៅថ្ងៃទី២១ មីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំ ដោយសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាសសពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here