ភ្នំពេញ៖ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ ។
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណ:ប្រតិភូ និងអ្នកជំនាញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យលទ្ធភាពសម្រាប់ ដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តកំពង់ចាម អភិបាលខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។
ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយ ក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែង នៅត្រើយខាងលិចផងដែរ។
គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន ៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការ សាងសង់សម្រេចបាន ១០០% ហើយ។
គួរកត់សម្គាល់ផងដែរថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញ កសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ បានមួយកម្រិតថែមទៀត។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសចុះពិនិត្យស្ពាននេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា តាមគម្រោងស្ពាននេះត្រូវបើកសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប៉ុន្តែដោយសារព្រឹត្តិការណ៍ ២០កុម្ភ: ទើបមានការលើកពេលវេលា នៃការសម្ពោធបើកប្រើប្រាស់ជាផ្លូវការ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីគោរពស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី សុំបើកស្ពាននេះឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខ។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពបើកឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ស្ពាននេះជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះទៅ រង់ចាំពេលវេលាសមស្របណាមួយ ដើម្បីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចៀសផុតពីជំងឺកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមក្បួនអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ៕





