ភ្នំពេញ៖ យោធិនមួយរូប ឈ្មោះ សំ វិជ្ជា ជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ត្រូវបានប្រកាសថា «វិជ្ជមាន កូវីដ-១៩» ខណៈធ្លាប់បានមកចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ។
យោងតាមលិខិតរបស់កងទ័ពជើងទឹក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បង្ហាញថា យោធិនរូបនេះ បានមកចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ចំនួន២លើក នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ និង លើកទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
បច្ចុប្បន្ន យោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែង ឈ្មោះ សាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំពោះករណីខាងលើនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យនិងស្រាវជ្រាវ រកអ្នកប៉ះពាល់ចំនួន៥នាក់ ដែលបច្ចុប្បន្ន អ្នកទាំង៥ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគ កូវីដ-១៩៕