ភ្នំពេញ៖គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ១២នាក់ហើយ (ស្រី៨នាក់) ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបាន និងកំពុងវាយប្រហារ និងប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន១៩ ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋស្លាប់ចំនួន ០៥នាក់ ខេត្តពោធិ៍សាត់ ០៣នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តប៉ៃលិន ០១នាក់ និងខេត្តកំពង់ធំ ០១នាក់។
របាយការណ៍ក៏បានបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។នៅក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ៣៩ ៧០២គ្រួសារ ស្មើនឹង ១៥៨ ៨០៨នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ១១៦ ៧៦៤ហិកតា និងខូចខាតទាំងស្រុងប្រមាណ ៤ ៩៤៦ហិកតា រួមនឹងដំណាំរួមផ្សំជាច្រើនហិកតាទៀតផងដែរ។
គួររម្លឹកថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែបើតាមរបាយការណ៍ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាន ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលពីមុនបានរងផលប៉ះពាល់ខ្លាំងជាងគេ បានចាប់ផ្តើមធូរស្រាលបន្តិចវិញហើយ៕