ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលលើការចុះផ្សាយរបស់ហ្វេសបុកដែលមានឈ្មោះ ”Heng Laihour”ដែលបានប្រឌិតផ្សព្វផ្សាយរឿងសព DJ Boom ដែលទទួលមរណៈភាពដោយសារកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រោយពីចាក់វ៉ាក់សាំងកូវីដ១៩រួច ។
យោងតាមការប្រកាសតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយក្នុងក្រុមតេលាក្រាមរបស់លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា «ក្រសួងសុខាភិបាល សូមច្រានចោលលើការចុះផ្សាយនេះ។ ការពិត គឺសពនេះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយទេ។ សុំមេត្តាកុំបន្តចែកចាយដែលធ្វើឱ្យមានការភ័ន្ដច្រឡំ។ ក្រសួងសូមចូលរួមសោកស្ដាយនិងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ។សូមអរគុណ» ។
គួបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលក្នុងនោះមានបុរសជនជាតិចិនម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ដែលដឹងថាមានឈ្មោះថា DJ Boom៕