ការបង្កបង្កើនផលស្រូវប្រាំង ទូទាំងប្រទេស សម្រេចបានលើផ្ទៃដី ជាង៦៤ម៉ឺនហិកតា លើសឆ្នាំមុនជាង៥ម៉ឺនហិកតា

0
12

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញរបាយការណ៍តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកនេះឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើន ផលស្រូវរដូវប្រាំង ទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះ លើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហិកតា ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា លើសពីឆ្នាំមុន ៥២ ០៣១ ហិកតា។

លោក វេង សាខុនថា ការងារប្រមូលផលស្រូវ រដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហិកតា ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហិកតា ដោយទទួលបានបរិមាណ ផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនោះ ទទួលបានទិន្នផល ជាមធ្យមប្រមាណជា ៤,៤៧ តោន ក្នុង១ហិកតា ។

លោក វេង សាខុន បញ្ជាក់ថា ជារួមការងារបង្កបង្កើនផល ដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួង បានបន្តជំរុញដល់កសិករឲ្យ ត្រៀមលក្ខណៈការងារ បង្កបង្កើន ផលដំណាំស្រូវរដូវវស្សា ដែលនឹងចូលមកដល់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជា ការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវ ជាដើម ។

ដោយឡែក ដំណាំសាកវប្បកម្ម ដូចជា ពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក អនុវត្តបានចំនួន ៣៨ ១៧០ ហិកតា ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហិកតា លើសឆ្នាំមុន ៥៤៤ ហិកតា ។ ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហិកតា ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ ហិកតា លើសឆ្នាំមុន ១០ ១៩០ ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here