រដ្ឋមន្រ្តីសាធារណការ៖ ជំនន់ទឹកភ្លៀងបណ្ដាលឱ្យផ្លូវនៅកម្ពុជា សរុបជាង២០០គីឡូរងផលប៉ះពាល់

0
51

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ញួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុង ព្រះរាជាណាចក្រកម្ពុចំនួន១៣ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងខេត្តសៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវ សរុបចំនួន៨៧ខ្សែ ដោយមានចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ។

ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី បានដឹកនាំក្រុមការងារបច្ចេកទេសចុះ ពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ២០ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងនោះលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមហ៊ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹកភ្លៀងហូរច្រោះ ឋិតនៅម្ដុំស្ពានទំនប់ទឹក៧មករា ដែលអាចបង្កឱ្យមានការកកស្ទះ ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យ មើលស្ថានភាពផ្លូវលេខ២០ ចាប់ពីផ្លូវជាតិលេខ៣ ក្បែរទំនប់ទឹក៧មករា រហូតដល់រង្វង់មូលគួស្រូវ ផ្លូវជាតិលេខ២ ដែលកំពុងទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ។
ទាក់ទងនឹងវិធានការ ដោះស្រាយ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ បច្ចេកទេសធ្វើការវាយ តម្លៃតាមដានជាប្រចាំ និងរកមធ្យោបាយរំដោះទឹក ឲ្យផុតពីផ្លូវជាតិលេខ៣ ដើម្បីកុំឲ្យទឹកហូរកាត់លើផ្លូវ បង្កផលប៉ះពាល់ដល់ខ្នង ផ្ទះប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារ បច្ចេកទេស ក៏ដូចជាមន្ទីរ សាធារណការ និងដឹកជញ្ជូនទូទាំងប្រទេស ពិនិត្យតាមដាន ដោយយកចិត្តទុក ដាក់បំផុតអំពីស្ថានភាព ទឹកជំនន់ដែលបង្កផលប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា។

ជាមួយគ្នានោះផងដែរលោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ពិនិត្យមើល លទ្ធភាពស្តារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់ សង្គ្រោះ ប្រជាពលរដ្ឋដែលកំពុង ទទួលរងនូវការលិចលង់ខ្លាំង នៅក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុង ព្រះរាជាណាចក្រកម្ពុចំនួន១៣ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងខេត្តសៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវ សរុបចំនួន៨៧ខ្សែ ដោយមានចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ។
ដោយឡែក ចំពោះការខូចខាតនិងថវិកា ក្នុងការជួសជុលឡើងវិញ មិនទាន់ត្រូវ បានវាយតម្លៃនៅឡើយទេ ដោយរង់ចាំស្ថានភាពទឹកស្រក សិនទើបក្រុមការងារ បច្ចេកទេសសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធអាចចុះ ពិនិត្យ និងវាយតម្លៃលើស្ថានភាពជាក់ស្ដែងបាន។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ម្ចាស់យានយន្តដឹកជញ្ជូនធំៗ សូមផ្អាកការធ្វើដំណើរ ឬធ្វើការចៀសវាងផ្លូវសំខាន់ៗដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បី ចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិដែលត្រូវចំណាយទៅលើការ ជួសជុល ស្ដារឡើងវិញនូវផ្លូវថ្នល់ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here