ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្តដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃ ក្រសួងសុខាភិបាលផងដែរ។
វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។
ក្នុងហ្វេសប៊ុកសម្ដេចបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ»។
ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀត តាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង ៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕