ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងថ្លៃជួលផ្ទះ ឬបន្ទប់ ដើម្បីសម្រាលបន្ទុកចំណាយ និងការលំបាករបស់កម្មករ និយោជិត។ នេះបើយោងតាមសេចក្តីអំពាវនាវនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
ក្នុងសេចក្ដីអំពាវនាវដដែល លោក ឃួង ស្រេង ក៏បានសុំឱ្យម្ចាស់ផ្ទះ ឬបន្ទប់ជួល យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាងក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។ បន្ថែមពីលើនោះ គួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួលផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើមិនឱ្យមានការបណ្តេញអ្នកជួលចេញពីផ្ទះ ឬបន្ទប់ ព្រោះតែការយឺតយ៉ាវក្នុងការបង់ថ្លៃជួលផ្ទះ និងបន្ទប់ផងដែរ។
ជាមួយគ្នានោះដែរ អភិបាលរាជធានីភ្នំពេញ
សង្ឃឹមថា ម្ចាស់ផ្ទះ និងបន្ទប់ជួល នៅរាជធានីភ្នំពេញ នឹងចូលរួមដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់៕