ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានចុះបិទតូបលក់នំបញ្ចុក ២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។
លោក ឃឹម ហវីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី២៦ មីនាបន្តថា ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។
ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្ត ទៅដល់បុគ្គលិកហាងកាហ្វេ ដែលបុរសវិជ្ជមាននេះធ្លាប់បានចូល ទៅក្នុងអំឡុងពេលដំណាលគ្នារួចមក លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះ ចាប់ពីថ្ងៃទី១៩ មីនារហូតមកដល់ ២៤ មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់។
លោកអភិបាលស្រុក សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍របស់យើងឱ្យបានលឿនជាទីបំផុត៕