ភ្នំពេញ៖នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ សហការជាមួយ បញ្ជាការដ្ឋានទ័ពពិសេស និងមន្ត្រីអាជ្ញាធរមូលដ្ឋាន រួមគ្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី និងស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលទទួលរងឥទ្ធិពលព្យុះភ្លៀង បានបង្កឱ្យមានការជន់លិច បណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់អាយុជីវិត សត្វពាហនៈ លំនៅដ្ឋាន ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកផងដែរ។
តាមរបាយការណ៍បានឲ្យដឹងថាគ្រាន់តែនៅក្នុងស្រុកមង្គលបូរីទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ប្រមាណជាង៤ពាន់ខ្នង ដែលនៅក្នុងនោះប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ខ្លាំង និងប្រឈមជាមួយហានិភ័យត្រូវបានកងកម្លាំងសង្គ្រោះ ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ប្រមាណ២៨៣គ្រួសារ ដែលស្មើនឹង៧៨១នាក់៕