នោះ! សូមកុំច្រឡំថា កម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព

0
7

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយក
កម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។

កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។ ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។

ប៉ុន្តែក្រោយពីទឹកប្រាក់នៅ ក្នុងគណនីត្រូវបានជនខិលខូច លួចយកអស់នោះ លោក Phillipe ទើបបានដឹងថាកម្មវិធីដែលលោកបានទាញយកមកប្រើ គឺជាកម្មវិធីក្លែងក្លាយដែលក្រុមជនខិលខូច បង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។ ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូង ក្រុមជនខិលខូចបានបន្លំថាកម្មវិធីនេះ គឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូច ក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធី ឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រង កាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។

ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថាតើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here