អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការមិនគោរពនិងរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌ

0
11

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត!

ការលើកឡើងរបស់ របស់ លោក គឹម សន្តិភាព បានធ្វើឡើងស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍។

លោក គឹម សន្តិភាព ​បានលើកពន្យល់ជាទិដ្ឋភាពផ្លូវច្បាប់តាមគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១ មេសានេះបន្ថែមថា មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល
ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍​ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ
អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់​ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យមានការចម្លងជំងឺ​កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here