ភ្នំពេញ÷ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍រោងទងជាន់ទី២នៃមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន្តបណ្តោះអាសន្ន ដើម្បីជួសជុលកម្រាលថ្មនៅជ្រុងនីរតីនៃជាន់ទី៣ និងទល់ទ្រចំណុចមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់នៅជាន់ទី១និងទី២នៃប្រាសាទបាយ័ន្ត។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងថែទាំ និងការពារប្រាសាទក៏ដូចជាដើម្បីធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ។
អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕