ភ្នំពេញ÷ អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជា។ យោងតាម ទិន្នន័យស្រាវជ្រាវ នៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានប៉ាន់ស្មានថាមានអន្ទាក់ប្រមាណ ១២លាន ដែលបានដាក់នៅរាយប៉ាយ ហើយក្នុងនោះប្រទេសវៀតណាមត្រូវបានដឹងថា ក្នុងផ្ទៃដីមួយម៉ែត្រការ៉េមានចំនួនអន្ទាក់ច្រើនជាងគេ។
យោងតាមក្រសួងបរិស្ថានបានបញ្ជាក់ថា ” អន្ទាក់បាននិងកំពុងបង្កឱ្យសត្វគ្រប់ប្រភេទរងគ្រោះជារៀងរាល់ថ្ងៃ។ នៅកម្ពុជា ក្នុងមួយឆ្នាំៗ អន្ទាក់ប្រមាណជា ៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងត្រូវបានកម្ទេចចោល ហើយបានសង្គ្រោះសត្វព្រៃជាច្រើនក្បាល”។
ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។ បញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ ដោយមិនបរិភោគសាច់សត្វព្រៃ៕