ក្រសួងធម្មការ ណែនាំពីវិធានការបង្ការ និងគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ តាមវត្តអារាម និងវិហារសាសនាផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0
11

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនាបានណែនាំបន្ថែម ពីវិធានការបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ-១៩ តាមបណ្តាវត្តអារាម និងវិហារសាសនាផ្សេងៗ ក្នុងឱកាសឈប់សម្រាក ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់រយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនាបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» នៅមិនទាន់មានការធូរស្បើយ និងអនុលោមតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រសួងសូមក្រើនរំលឹក ឱ្យមានការយកចិត្តទុកដាក់ អនុវត្តនូវបណ្តាវិធានការ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងសូមណែនាំបន្ថែមដូចខាងក្រោម៖

១៖ រាល់កិច្ច ឬពិធីសាសនា នៅតាមវត្តអារាម ត្រូវធ្វើឡើងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

២៖ គ្រប់វត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវរក្សាឱ្យបានខ្ជាប់ខ្លួន ក្នុងការអនុវត្តវិធានការ «៣ ការពារ និង ៣កុំ» ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣៖ ចៀសវាងឱ្យបាននូវការរៀបចំកិច្ច ឬពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។

ក្រសួងបន្តថា ទទួលបានសេចក្តីណែនាំនេះ សូមសម្តេចព្រះសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងបណ្តាអង្គភាពចំណុះឱ្យក្រសួងទាំងអស់ ព្រះមេត្តា-មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here