ភ្នំពេញ៖ ខណៈពេលបម្រាមគោចរ គឺហាមធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់៥ព្រឹកនេះ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានពូម៉ូតូឌុប ទម្លាក់ចោល ក្រោមហេតុផលថា ដល់ម៉ោងបម្រាមគោចរហើយ ខ្លាចប៉ូលិសចាប់ ស្ត្រីរូបនោះ ក៏បានទូរស័ព្ទហៅប្តីឲ្យមកយក ប៉ុន្តែលោកប្តីមិនហានមកទទួលទេ ខ្លាចប៉ូលិសចាប់ដូចគ្នា។
ហេតុការណ៏នេះបានកើតឡើងនារាត្រី ថ្ងៃទី៣ មេសា ២០២១នេះ ខណៈពេលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បាននិងកំពុងអនុវត្តវិធានការរដ្ឋបាល(បម្រាមគោចរ) ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅស្តុបទេពផន ក្នុងខណ្ឌទួលគោក។
យោងតាមហ្វេសប៊ុករបស់លោក ហួរ ហួត រដ្ឋបាលសាលាខណ្ឌទួលគោក បានអោយដឹងថា មានបងស្រីម្នាក់ មានផ្ទៃពោះជិត៧ខែ បានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុប ទម្លាក់ចោល ដោយខ្លាចកម្លាំងមានសមត្ថកិច្ចចាប់ម៉ូតូ។
លោក ហួរ ហួត បានបន្តថា នៅពេលធ្វើដំណើរមកដល់គោលដៅត្រួតពិនិត្យ ចំណុចស្តុបទេពផន លោកក៏បានណែនាំសម្របសម្រួល អោយប្តីគាត់មកទទួល ដោយអោយប្រពន្ធទូរស័ព្ទប្រាប់ ប៉ុន្តែលោកប្តី ឆ្លើតថា មិនហ៊ានទៅទេ ព្រោះខ្លាចប៉ូលីសចាប់ម៉ូតូដែរ។
លោក ហួរ ហួត មានការហួសចិត្តយ៉ាងខ្លាំង ចំពោះលោកប្តី ខ្លាចប៉ូលីសខ្លាំងពេក(បម្រាមគោចរ) រហូតទុកអោយប្រពន្ធពោះធំ ដើររហូតរាប់សិបគីឡូម៉ែត្រ ទៅផ្ទះមែនទេ ? កម្លាំងគណៈបញ្ជាការឯកភាព ត្រួតពិនិត្យតាមគោលដៅ មិនមែនតឹងរឹង ម៉ឺងម៉ាត់ រហូតមិនយល់ហេតុផលនោះទេ។
ព្រមជាមួយគ្នានោះ លោកនាយករដ្ឋបាលសាលាខណ្ឌទួលគោក ក៏បានសម្របសម្រួល អោយមានការដឹកជញ្ជូន ស្ត្រីមានផ្ទៃពោះ ទៅផ្ទះ ដោយហៅម៉ូតូកង់បី (Pass app) តែម្តង៕