ភ្នំពេញ៖ កាលពីខែមីនា ឆ្នាំ២០២១ ក្រុមសង្រ្គោះសត្វព្រៃបន្ទាន់បាន ដកហូតសត្វភេរខ្លួនរលោងមួយក្បាលពីពលរដ្ឋ ដែលរក្សាទុកចិញ្ចឹមនៅខេត្ដកំពង់ធំ យកទៅរក្សាទុកនៅមណ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។
យោងតាមអង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០២១ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានធ្វើការជួយសង្គ្រោះសត្វភេរខ្លួនរលោងមួយក្បាលនៅក្នុងខេត្តកំពង់ធំដែលកំពុងត្រូវបានរក្សាទុកជាសត្វចិញ្ចឹម។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ថា <<ភេរខ្លួនរលោងគឺជាប្រភេទសត្វព្រៃ ហើយពួកវាមិនត្រូវបានអនុញ្ញាតសម្រាប់រក្សាទុកធ្វើជាសត្វចិញ្ចឹមទេ>>។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ន ភេរខ្លួនរលោងមួយក្បាលនេះត្រូវបានផ្តល់ទីជម្រកថ្មីនៅឯមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ នៅក្នុងពេលនេះផងដែរ វាប្រហែលជាអាចនឹងត្រូវបញ្ជូនអោយទៅរស់នៅក្នុងព្រៃវិញ ប្រសិនបើមានលក្ខណ្ឌសមរម្យដើម្បីធ្វើការដោះលែង។
នេះជាប្រភេទសត្វកំពុងរងគ្រោះ និងត្រូវបានទទួលការពារក្រោមច្បាប់របស់ប្រទេសកម្ពុជា នេះមានន័យថាវាជាអំពើខុសច្បាប់ចំពោះការរក្សាទុកសត្វភេរ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបបើប្រទះឃើញបទល្មើសសត្វព្រៃ សូមហៅទូរស័ព្ទទៅកាន់លេខ ០១២ ៥០០០ ៩៤៕