ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។
ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន។
ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នរាល់ការកម្មង់ទិញទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ ដោយអនុវត្តវិធីសាស្ត្រមួយចំនួនកាត់បន្ថយហានិភ័យ ដូចខាងក្រោម៖
– ធ្វើការសិក្សាអំពីគណនី ឬទំព័រហ្វេសប៊ុកផេក ដោយមើលការបញ្ចេញមតិពីអតិថិជនផ្សេងៗ
– ធ្វើការសិក្សាអំពីប្រភេទទំនិញ ផលិតផល ឬសេវាកម្ម ឱ្យបានច្បាស់មុនបញ្ជាទិញ (កម្មង់)
– ពុំត្រូវធ្វើការកក់ប្រាក់ ឬបញ្ជូនប្រាក់ មុនទទួលបានផលិតផល ឬសេវាកម្ម (ពិសេសកក់ប្រាក់ជូនម្ចាស់គណនី ឬទំព័រហ្វេសប៊ុកផេក ដែលពុំមានប្រភពច្បាស់លាស់)។ ក្នុងករណីចាំបាច់ដែលត្រូវកក់ប្រាក់មុន សូមធ្វើការផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបករណីឆបោកខាងលើ សូមធ្វើសេចក្តីរាយការណ៍ដល់ក្រុមហ៊ុន Facebook លើអត្ថបទ រូបភាព ឬវីដេអូ ដែលកំពុងផ្សព្វផ្សាយឆបោក និងរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ច៕