ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានធ្វើការណែនាំយោធិនដែល ពុំទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ជាបន្ទាន់ លើកលែងតែយោធិនមានបញ្ហាសុខភា ព ហើយគ្រូពេទ្យចេញលិខិតបញ្ជាក់មិនអនុញ្ញាតឲ្យចាក់។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាឲ្យត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នក ជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្ដាកងឯកភាពផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
តាមរយៈសេចក្ដីណែនាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មេបញ្ជាការប្រភេទទ័ពទ័ពជំនាញ និងនាយកស្ថានប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នក ជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្ដាកងឯកភាព ស្ថានប័ន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ បន្ដថា អនុវត្តតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុង សហគមន៍ នៅកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖
ទី១-រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយ មានបំពាក់គ្រែអ្នកជំងនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
ទី២-រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
ទី៣-បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែកនៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។
និងទី៤-យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ វ៉ាក់សាំងជាបន្ទាន់ នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិត បញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួតពិនិត្យ យោធិនណាដែលមិន ទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕