សម្ដេចទៀ បាញ់ អះអាងថារដ្ឋាភិបាលកំពុងព្រួយបារម្ភ ខ្លាចអត់វ៉ាក់សាំងចាក់ មិនខ្លាចអត់អ្នកចាក់នោះទេ

0
19

ភ្នំពេញ៖ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងនេះ បាននិងកំពុងប្រព្រឹត្តទៅយ៉ាង រលួន ហើយនឹងបន្តចាក់ជូនបងប្អូនទាំងអស់នៅទូទាំងប្រទេសជាបន្តបន្ទាប់នាពេលខាងមុខនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកំពុងព្រួយបារម្ភខ្លាចអត់វ៉ាក់សាំងចាក់មិនខ្លាចអត់អ្នកចាក់នោះទេ ។នេះបើយោងតាមនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យយុទ្ធនាការ ការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធកម្ពុជា និងគ្រួសារទូទាំងប្រទេស នៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា ក្រុមមួយចំនួនទៀត(ពួកប្រឆាំង)ដែលបានវាយប្រហារនិងរិះគន់នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នាពេលបច្ចុប្បន្ននេះ នឹងដឹងខ្លួនពេលដែលពួកគេទៅណាមកណាមិនបានដោយសារតែគេតម្រូវ ឲ្យបញ្ជាក់លិខិតនៃការចាក់វ៉ាក់សាំងកូវីដ១៩នោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាងប្រាំបីម៉ឺននាក់នៅទូទាំងប្រទេស នឹងធ្វើជាបន្ត បន្ទាប់ ខណៈថ្នាំបានដឹកទៅ ដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកង កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជកាដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នាពេលបច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជាមានប្រមាណជាងប្រាំបីម៉ឺននាក់ នៅទូទាំងប្រទេស ដោយនៅក្នុងនោះរាជធានីភ្នំពេញគឺមានចំនួនជាងប្រាំបីពាន់នាក់ហើយ ពួកគេនឹងត្រូវទទួលបានវ៉ាក់ សាំងប្រឆាំងកូវីដ១៩ជាអាទិភាពដូចមន្រ្តីរាជការមន្រ្តីជួរមុខនិងមន្រ្តីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។ដោយឡែកសម្រាប់កងយោធពលខេមរភូមិន្ទ ប្រមាណជិតមួយរយភាគរយហើយ ដែលបានទទួលវ៉ាក់សំាងការពារមេរោគកូវីដ១៩ នូវដូសទី១ និងប្រមាណជិត ៨០ភាគរយបានទទួលដូសទី ២ ខណៈក្រុមគ្រួសាររបស់ពួកគេ(កងទ័ព)បានកំពុងដំណើរការជាបន្តបន្ទាប់រហូត ដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលសម្រាប់ធ្វើការចាក់ជូនដល់បងប្អូនកងទ័ព គឺជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមគឺមានចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន ហើយសម្រាប់ចាក់ជូនដល់អតីតយុទ្ធជនគឺចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ដែលកម្ពុជាបានទិញពីប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here