ភ្នំពេញ៖ នាវាចម្បាំង ដែលលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានស្រង់ចេញពីទឹក មកលើគោកវិញហើយ ក្រោយប្រតិបត្តិការ រយៈពេល ៦ខែ។
ប្រតិបត្តិការស្រង់នាវានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ដោយមានការចូលរួមពីលោក ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងអភិបាល ខេត្តកណ្តាល ព្រមទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត។
នាវាចម្បាំងដែលបានលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ទីបំផុតត្រូវបានស្រង់មកហើយ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងជំនាញស្រង់មលើគោក រួចហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។ ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមាន ស្នាមធ្លុះធ្លាយជាច្រើន កន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។
យឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជាមានសមត្ថភា ពគ្រប់គ្រាន់មិនត្រឹមតែបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេដូច្នេះ វាជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។
នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាល ពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌប្រមាន៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។
រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយ ការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕